ឃ្លានេះបងប្អូនយើងជាច្រើនបាននិយាយលេងសើច ប៉ុន្តែយើងមិនយល់ពីអត្ថន័យនោះទេ តែចាប់ពីពេលនេះតទៅប្រជាជនខ្មែរទាំងអស់ប្រាកដជាបានយល់ពីអារម្មណ៍ និងខ្លឹមសារនៃឃ្លាមួយនេះ។ ចប់សង្រ្គាមលើកនេះ ជឿជាក់ថាប្រជាជនខ្មែរជាច្រើនបានផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួនក្នុងរយៈពេលតែ ៥ថ្ងៃនេះប៉ុណ្ណោះ។

បញ្ហាជាច្រើនដែលបានកើតឡើងក្នុងរយៈពេលដ៏ខ្លីនេះ មេរៀនជាច្រើនដែលយើងបានរៀនសូត្រ រឿងពិតជាច្រើនដែលយើងបានឃើញ បានដឹង យើងក៏មើលឃើញពីភាពអស្ចារ្យរបស់កម្ពុជាដែលត្រូវបានបង្ហាញចេញមកយ៉ាងច្រើន គឺជាអ្វីដែលយើងមិនដែលដឹងសោះថាយើងមាន នោះគឺការរួបរួមគ្នា សាមគ្គីគ្នា ភាពស្មោះត្រង់ ភាពអង់អាចក្លាហាន សេចក្ដីស្រឡាញ់ចំពោះជាតិ ស្មារតីមិនចុះចាញ់ ការជឿជាក់គ្នា មោទនភាពជាតិ និងធនធានកម្ពុជាគ្រប់ៗរូប ជាពិសេសគឺការដឹកនាំ របស់ថ្នាក់ដឹកនាំដែលបានធ្វើឲ្យយើងកាន់តែយល់ច្បាស់ពីអត្ថន័យនៃពាក្យ “អរគុណសន្តិភាព” ។
ហើយមុននឹងមានសន្តិភាពពេញលេញកើតមានឡើងក៏សូមស្ងើចសរសើរ ទៅលើស្មារតីលះបង់ និងការតស៊ូមិនរាថយរបស់កងទ័ពខ្មែរដ៏អង់អាចក្លាហាន នៅសមរភូមិជួរមុខ ទាំងថ្ងៃ ទាំងយប់ ទាំងភ្លៀង ទាំងក្ដៅ ទាំងគ្រោះថ្នាក់ ទាំងភាពនឿយហត់ មិនចុះចាញ់ មិនដកថយ ដើម្បីសុខសន្តិភាពរស់នៅរបស់ប្រជាជនគ្រប់រូប។
ដោយសារកងទ័ពយើងខ្លាំង សត្រូវមិនហ៊ានឈ្លានពាន និងមិនអាចឈ្លានពានយើងបាន ទើបប្រជាជនយើងរស់នៅដោយស្ងប់សុខ ដោយសន្តិភាព ដោយគ្មានភាពភ័យខ្លាច។
សូមឲ្យប្រជាជនខ្មែរគ្រប់រូប អំណឹះតទៅ ចូរគោរព និងឲ្យតម្លៃគ្រប់ពេលដែលអ្នកបានជួបវីរកងទ័ពរបស់យើង មិនមែនតែនៅតាមព្រំដែននោះទេ តែនៅគ្រប់កន្លែង សូមបង្ហាញការគោរព និងឲ្យតម្លៃ ព្រោះថាដោយសារតែមានវត្តមានរបស់ពួកគាត់នេះហើយ ទើបប្រទេសជាតិខ្លាំងក្លា កងទ័ពអង់អាច សត្រូវខ្លបខ្លាច មិនហ៊ានឈ្លានពាន។
នោះទើបយើងគ្រប់ៗគ្នាអាចរស់នៅដោយ “សន្តិភាព” យ៉ាងពិតប្រាកដបាន…
សូមអរគុណយ៉ាងក្រៃលែងនូវការលះបង់ និងពលិកម្មរបស់វីរកងទ័ព ដើម្បីប្រទេសជាតិយើង!
